ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជានាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group បានសន្យាថានឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗឈានមុខគេ មកចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងជំនួបនេះលោកស្រីMary Akinyi Olwal បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅកម្ពុជា។
ជាមួយគ្នានោះលោកស្រីនាយិកា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការនៃការដាំដុះការប្រមូលផលរហូតដល់ការផលិតកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នេះគឺនៅតែបន្តយកចិត្តទុកដាក់នៅក្នុងការផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។
សម្ដេចធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកនិងការនាំយកបច្ចេកវិទ្យាថ្មីៗដើម្បីជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធានមនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ។ សម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុន បន្តកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ដល់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍៕ អត្ថបទ ៖ បាន ចក់






