ភ្នំពេញ ៖ តម្រូវការបន្លែដាំដោយបច្ចេកទេស ដោយដាំលើទឹក ក្នុងផ្ទះសំណាញ់ កំពុងកើនឡើង។ ការផ្គត់ផ្គង់កើនឡើងនេះ បានជំរុញឱ្យកសិករ និងចំនួនកសិដ្ឋានបន្លែដាំដោយបច្ចេកទេសបែបនេះ ពង្រីកការដាំដុះបន្ថែម។
លោកស្រី ម៉ាង ប៉ាវីណា ម្ចាស់កសិដ្ឋានបន្លែ នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទទួលបានជោគជ័យ លើការប្រើបច្ចេកទេសដាំបន្ថែលើទឹក ឬហៅថា Hydroponics បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ នេះថា បន្លែ Hydroponics គឺជាបន្លែដែលមានការដាំដុះទៅតាមលក្ខណៈបច្ចេកទេស ដោយប្រើប្រាស់ផ្ទះសំណាញ់ បច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ព្រោះការដាំតាមបច្ចេកទេសរបៀបនេះ គឺមិនប្រើប្រាស់សារធាតុពុល ដើម្បីការរីកលូតលាស់របស់បន្លែ ឬការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាដើម ។
លោកស្រី បន្តថា បច្ចុប្បន្នដោយប្រជាពលរដ្ឋមានការយល់ដឹងអំពីសុវត្ថិភាព និងសុខភាព សម្រាប់ផ្គត់ផ្គង់ការហូបចុក ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋបានមកទិញបន្លែដល់កសិដ្ឋានផ្ទាល់។ លោកស្រីក៏បានយកទៅបោះនៅតាមភោជនីយដ្ឋាននានានៅក្រុងភ្នំពេញ។
ដោយសារតម្រូវការកើនឡើង សព្វថ្ងៃការផ្គត់ផ្គង់បន្លែនៅតាមទីផ្សារទាំងនេះ គឺមិនបានឆ្លើយតបតាមតម្រូវការគ្រាប់គ្រាន់នោះ។ សម្រាប់ផែនការ លោកស្រីនឹងបង្កើនការដាំដុះឲ្យបានចំនួន ២០ ផ្ទះសំណាញ់បន្ថែមទៀត ដើម្បីជំរុញផលិតកម្មបន្លែឲ្យបានកាន់តែច្រើន ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការហូបចុក និងដើម្បីជីវភាពរបស់គាត់ផងដែរ។
លោកស្រី បញ្ជាក់ថា គាត់អាចរកចំណូលបានពីការលក់បន្លែក្នុង១ខែៗ ជាង ២ពាន់ដុល្លារ ដោយមិនគិតពីការលក់ពូជបន្លែ ការបង្រៀនបច្ចេកទេសដាំដុះ ឬការលក់ជីធម្មតាជាតិជាដើម ។
ប្រជាពលរដ្ឋដែលគាំទ្របន្លែដាំលើទឹក បានលើកឡើងថា បច្ចុប្បន្នពួកគាត់មានការជឿជាក់ និងមានការទុកចិត្តយ៉ាងខ្លាំង ចំពោះការដាំដុះបន្លែរបៀបនេះ ហើយពួកគាត់ ការដាំដុះបន្លែតាមបច្ចេកទេសនេះ ផ្គត់ផ្គង់នៅលើទីផ្សារកាន់តែច្រើន ដើម្បីបង្ហាញអំពីការចូលរួម លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា បើពិនិត្យមើលកផលិតកម្មបន្លែ បច្ចុប្បន្នបានកំពុងកើនឡើង។ បច្ចេកទេសស្រោចស្រពដំណាំបន្លែនេះ ក្រសួង ជំរុញគាំទ្រ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើបដិវត្តផលិតកម្មបន្លែកម្ពុជាឲ្យមានលក្ខណទំនើប ប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារគឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ។
សូមបញ្ជាក់ថា តម្រូវការបន្លែនៅក្នុងឆ្នាំ ២០២០ ត្រូវបានប៉ាន់ស្មានមានចំនួនសរុបជាង១ លានតោន ក្នុងនោះផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណជាង៧១ ម៉ឺនតោន ស្មើនឹង ៦៨ភាគរយ នៅរដូវប្រាំង ៦៩ភាគរយ និងរដូវរំហើយ ៧៥ភាគរយ។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួនជិត៣៣ ម៉ឺនតោន ដើម្បីផ្គត់ផ្គង់បន្លែក្នុងស្រុកបន្ថែម៕
អត្ថបទ៖ សុន រ៉ាឌី