ភ្នំពេញ÷ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលហៅកាត់ថា WIPO លោក Daren Tang បានប្រកាស ទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលបានផលិតនៅប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិផងដែរ។
ការលើកឡើងរបស់អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក រូបនេះគឺបានធ្វើឡើងនៅក្នុងកិច្ច ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
នៅក្នុងកិច្ចជំនួបនោះលោក Daren Tang បានលើកឡើងថា លោកក៏បានទទួលស្គាល់នូវគុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជា ហើយតាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានា របស់កម្ពុជា លោកបានស្គាល់ និងប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក។
ក្នុងឱកាសនៃកិច្ចជំនួបនោះ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ ជាមួយគ្នានោះសម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏បានស្នើអង្គការWIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។
កិច្ចជំនួបពិភាក្សានោះដែរ លោកអគ្គនាយក លោកអគ្គនាយក បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ហើយលោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការWIPO និងប្រទេសកម្ពុជាផងដែរ៕អត្ថបទ ÷ បាន ចក់






