ភ្នំពេញ÷ មនុស្សយ៉ាងតិចចំនួន១,៥៩០នាក់បានស្លាប់ និងចំនួន៤,៥១៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសារ ពេជ្ឈឃាតតាមផ្លូវ(គ្រោះថ្នាក់ចរាចរណ៍) នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ មូលហេតុដែលបណ្តាលឲ្យ គ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលទូរទស្សន៍BTVទទួលបាននាយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន៣៤១លើក ស្មើនិង១១ភាគរយ ដែលឆ្នាំ ២០២២គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន២៩៧៦លើក។
របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះនៅក្នុងឆ្នាំ ២០២៣ គឺមានចំនួន១,៥៩០នាក់ ថយចុះចំនួន១១៩នាក់ស្មើនឹង៧ភាគរយ ដោយឆ្នាំ២០២២បានស្លាប់រហូតដល់១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន៤,៥១៥នាក់កើនឡើងចំនួន ៤៨៩នាក់ស្មើនឹង១២ភាគរយ។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារតែល្បឿន៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគ រយ, មិនប្រកាន់ស្ដាំ ៩ភាគរយ បត់មិនប្រយ័ត្ន៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តយាន ៥ភាគរយ, ស្រវឹង ៣ភាគរយ, សញ្ញាចរាចរណ៍ ១ភាគរយ, ងងុយដេក១ភាគរយ, ខណៈបណ្តាលមកពីអាកាសធាតុ១ភាគរយ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា ប្រភេទយានដែលបានបង្ករឲ្យមានគ្រោះថ្នាក់មានម៉ូតូ, ៤៧ភាគរយ រថយន្តធុនស្រាល ៣៤ភាគរយ, រថយន្តធុនធ្ងន់ ១១ភាគរយ, យានផ្សេងៗចំនួន៧ភាគរយខណៈថ្មើរជើង២ភាគរយ៕អត្ថបទ ÷ បាន ចក់
