មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបរបស់ហ្វីលីពីន បាននិយាយថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មួយនេះ គ្រោងនឹងបង្កើនសកម្មភាពយោធាកាន់តែរឹងមាំថែមទៀត ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលយោធារបស់ប្រទេសចិន។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីប៊ើតូ តេដូរ៉ូ ជូនៀរ(Gilberto Teodoro Jr) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ប្លូមប៊ើក (Bloomberg) កាលពីថ្ងៃពុធក្នុងការិយាល័យរបស់លោកនៅរដ្ឋធានីម៉ានីល ថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ពិតជាសំខាន់ខ្លាំងណាស់ ។យើងចង់ពង្រឹងសមត្ថភាពរបស់យើងបន្ថែមទៀត ដើម្បីផ្ដល់ឲ្យយើងនូវសមត្ថភាពកាន់តែមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងស្ថានភាពក្នុងតំបន់។

ប្រទេសហ្វីលីពីន កំពុងកសាងភាពជាដៃគូកាន់តែរឹងមាំជាមួយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) ដើម្បីពង្រីកទំនាក់ទំនងជាមួយបណ្ដាសម្ព័ន្ធមិត្តផ្សេងទៀត ក៏ដូចជាបណ្ដាប្រទេសដែលមានចិត្តគំនិតដូចហ្វីលីពីន រួមទាំង អូស្ត្រាលី ជប៉ុន អង់គ្លេស និងកាណាដា ស្របពេលមានការគំរាមពីឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ។

ខណៈសហរដ្ឋអាមេរិក ត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែវិច្ឆិកាឆ្នាំនេះ លោក តេដូរ៉ូ សង្ឃឹមថា យុទ្ធសាស្ត្រកាពារជាតិរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងមិនប្រែប្រួលឡើយ៕