ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានផ្ដល់អំណោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន១៧០លើក ស្មើនឹង ៤ ១៩២គ្រួសារ។
យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពសកម្មភាពការងារក្នុងឆ្នាំ២០២៣របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមថាក្នុងចំណោមអំណោយដែលផ្ដល់ជូនពលរដ្ឋរងគ្រោះជាង៤ ០០០គ្រួសារនោះរួមមាន អំណោយរបស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាលមានចំនួន ១ ០១១គ្រួសារ។ អំណោយរបស់សាខាខេត្តផ្ទាល់ចំនួន២ ៦១០គ្រួសារ និងបាន ប្រគល់ផ្ទះ២ខ្នង និងអំណោយរបស់អនុសាខាក្រុង-ស្រុកផ្ទាល់ ចំនួន៥៧១ គ្រួសារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង-ស្រុក ដែលបានខិតខំក្នុងការបំពេញនូវភារកិច្ចមនុស្សធម៌យ៉ាងសកម្មធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខាអនុសាខាគ្រប់ថ្នាក់របស់ខ្លួន ក្នុងការដឹកនាំ និងជំរុញវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា រួមមាន៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ,២-សុខភាព និងការថែទាំសុខមាលភាពក្នុងសហគមន៍,៣-ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័នរយៈពេលពេញ១ឆ្នាំ២០២៣កន្លងទៅ។

ឯកឧត្ដម សុខ លូ បានណែនាំ និងក្រើនរំលឹកឱ្យថ្នាក់ដឹកនាំសាខា និងអនុសាខាក្រុង-ស្រុកទាំង១៤ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានសកម្មជាប់ជាប្រចាំ និងចុះធ្វើសកម្មភាពមនុស្សធម៌ដោយផ្ទាល់ដើម្បីជួយដល់បងប្អូនគ្រួសារក្រីក្រកំពុងតែខ្វះខាត និងជួបការលំបាកខ្លាំងដើម្បីឆ្លើយតបពីតម្រូវការសមស្របជាក់ស្តែង និងដោះស្រាយនូវបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
ឯកឧត្តម សុខ លូជំរុញឱ្យថ្នាក់ដឹកនាំសាខា និងអនុសាខាត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ កម្លាំងមធ្យោបាយ ស្បៀង សម្ភារៈ ព្រមទាំងថវិកាសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះរាំងស្ងួតដែលអាចកើតឡើងនាពេលខាងមុខនេះឱ្យបានទាន់ពេលវេលាធ្វើយ៉ាងណាឱ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុនជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទៈ នឿត សុភ័ក្ត្រ







