ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានព្រមានពីគ្រោះថ្នាក់នៃការពន្យារពេលបន្ថែមទៀត នៅក្នុងផ្តល់ជំនួយរបស់លោកខាងលិចសម្រាប់ប្រទេសរបស់ខ្លួន ដែលរងការវាយប្រហារពីប្រទេសរុស្ស៊ីអស់រយៈពេលជិតពីរឆ្នាំមកហើយ។

លោកហ្សេឡិនស្គី បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងរមណីយដ្ឋានជិះស្គីរបស់ស្វ៊ីសនៅទីក្រុងដាវូស ( Davos) កាលពីថ្ងៃពុធថា នឹងមានវិបត្តិដ៏ធំមួយសម្រាប់អឺរ៉ុបទាំងមូល។

លោកហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ប៉ុន្តែបើគ្មានជំនួយហិរញ្ញវត្ថុ រុស្ស៊ីនឹងអាច ដណ្តើមយកអ៊ុយក្រែនបាន ហើយនៅពេលពួកគេដណ្តើមបានអ៊ុយក្រែនភ្លាម វានឹងក្លាយជាសង្រ្គាមរវាងអង្គការណាតូ និងរុស្ស៊ី។
លោកបានបន្តថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មានការវាយប្រហារបែបនេះទៅលើសម្ព័ន្ធមិត្តយោធា នៅក្នុងចិត្ត។
លោកហ្សេឡិនស្គី បាននិយាយថា ផលវិបាកផ្ទាល់នៃការខ្វះការគាំទ្ររបស់លោកខាងលិច នឹងជាការចុះខ្សោយនៅក្នុងសមរភូមិជាមួយនឹងកង្វះខាតកាំភ្លើងធំ។ លោកបានព្រមានថា ការការពារដែនអាកាសក៏នឹងចុះខ្សោយផងដែរ ដោយសារកង្វះមីស៊ីល ហើយនឹងមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។