មេដឹកនាំទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ពុំបានបង្ហាញសញ្ញាសុខចិត្តចុះចាញ់នោះទេ មុនខួបពីរឆ្នាំនៅខែក្រោយ នៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា វាច្បាស់ណាស់ថា គំនិតផ្តួចផ្តើមនេះ គឺស្ថិតនៅក្នុងដៃរបស់កងកម្លាំងរុស្ស៊ីទាំងស្រុង។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ថា សង្រ្គាមត្រូវតែបញ្ចប់ «ដោយសន្តិភាព និងស្ថិរភាព»។

ការវិភាគមួយធ្វើឡើងដោយក្រសួងការពារជាតិចក្រភពអង់គ្លេស កាលពីថ្ងៃពុធបាននិយាយសំដៅទៅលើការប្រកាសរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅលើសមុទ្រ Azov ។
ក្រសួងបាននិយាយថា ការកំណត់គោលដៅយន្តហោះដោយជោគជ័យដែលអាចធ្វើទៅបាន ដោយអ៊ុយក្រែន គឺ ជារឿងសំខាន់ ហើយវាទំនងជាថា នាពេលនេះ រុស្ស៊ី នឹងត្រូវបង្ខំឱ្យពិចារណាឡើងវិញអំពីការកំណត់តំបន់ប្រតិបត្តិការយន្តហោះរបស់ខ្លួន។
ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាតាមជើងគោក ត្រូវបានគេជឿថាកំពុងជាប់គាំង។ យោធាអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះគ្រាប់រំសេវ ខណៈការគាំទ្រពីប្រទេសលោកខាងលិចត្រូវបានផ្អាក។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីសមាជិកនៃអង្គភាពអ៊ុយក្រែន នៅជិតទីក្រុង Bakhmut ក្នុងខេត្ត Donetsk ភាគខាងកើត ថា ដើម្បីរុលទៅមុខ ដើម្បីផ្លាស់ទីសមរភូមិមុខ យើងត្រូវការគ្រាប់រំសេវ យើងត្រូវការកម្លាំងមនុស្សបន្ថែមទៀត ហើយយើងត្រូវការអាវុធ។