កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ចំនួន១៨រូប ដែលមានឯកឧត្តម ម៉ុង ឬទ្ធី ជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កត់ចំនួន៤២៧នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំងផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង បានសំណូមពរដល់អង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។
ក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម ម៉ុង ឬទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ ។ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៧ ចំនួន១៨រូប ដែលមានឯកឧត្តមជាប្រធាន បានមកបង្ហាញមុខជូនអង្គបោះឆ្នោតបានស្គាល់នាពេលនេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នោះ គណបក្សខេត្តបានសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត និងបានកំណត់យកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ជាការិយាល័យបោះឆ្នោតលេខ៧០០១ និងមានអ្នកបោះឆ្នោត៤៣១នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ៤នាក់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងចំនួន៤២៧នាក់។ ជាមួយគ្នានោះ គណបក្សខេត្ត បានត្រៀមលក្ខណៈសម្រាប់ការសម្របសម្រួល ក្នុងដំណើរការដូចជាចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោត យុទ្ធនាការឃោសនា មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកងាយស្រួលដល់អង្គបោះឆ្នោត ដោយមិនប៉ះពាល់ដល់នីតិវិធី បទបញ្ជា និងច្បាប់បោះឆ្នោតឡើយ ៕ ដោយ ៖ កាំង ហុងវាស្នា










