ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក កំពុងរាយការណ៍ថា អាកាសធាតុត្រជាក់ខ្លាំងដែលបានបន្តចាប់តាំងពីសប្តាហ៍មុន បណ្តាលឱ្យមនុស្ស ៤០នាក់បានស្លាប់នៅក្នុងប្រទេសនេះ។ មន្ត្រីអាកាសធាតុ បានព្រមានអំពីសីតុណ្ហភាពធ្លាក់ចុះទាប ព្រិលធ្លាក់ ខ្យល់បក់ខ្លាំង និងផ្លូវមានទឹកកក ដោយសារតែរលកត្រជាក់គ្របដណ្តប់ផ្នែកធំៗនៅសហរដ្ឋអាមេរិក។

របាយការណ៍ បាននិយាយថា អ្នកស្លាប់ភាគច្រើន បានកើតឡើងជាសំខាន់នៅក្នុងរដ្ឋញូវយ៉ក(New York) អ៊ីលីណយ(Illinois) និងអូរីហ្គិន (Oregon) ។មនុស្ស ៣ នាក់ បានស្លាប់បន្ទាប់ពីបណ្តាញខ្សែភ្លើង បានធ្លាក់លើរថយន្តមួយគ្រឿងក្នុងអំឡុងពេលព្យុះព្រិល កាលពីថ្ងៃពុធនៅទីក្រុង Portland រដ្ឋ Oregon ។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុង និយាយថា ពួកគេត្រូវបានគេជឿថា បានឆក់ចរន្តអគ្គិសនី នៅពេលពួកគេចេញពីរថយន្ត។

របាយការណ៍ បាននិយាយថា សូម្បីតែដើរ ក៏ស្ទើរតែមិនអាចដើរទៅរួចដែរ នៅពេលនោះនៅក្នុងតំបន់នេះ ដោយសារតែផ្លូវ និងចិញ្ចើមផ្លូវ ដែលពេញទៅដោយទឹកកករអិល។សីតុណ្ហភាពត្រជាក់ បានប៉ះពាល់ដល់ម្ចាស់រថយន្តអគ្គិសនីនៅរដ្ឋ Illinois ។
របាយការណ៍ បានឲ្យដឹងថា រថយន្តមួយចំនួន បានជាប់គាំងដោយសារភាពត្រជាក់បានធ្វើឲ្យអាគុយអស់បន្ទុក។ ជួរដ៏វែង អាចមើលឃើញនៅស្ថានីយ៍សាកអាគុយ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចង្អុលបង្ហាញពីភាពងាយរងគ្រោះនៃយានយន្តបែបនេះនៅក្រោមអាកាសធាតុមិនអំណោយផលខ្លាំង។ មន្ត្រីអាកាសធាតុ កំពុងព្រមាន ថា ព្រិលធ្លាក់ខ្លាំង និងផ្លូវមានទឹកកក ត្រូវបានគេរំពឹងថានឹងបន្តនៅតំបន់ដ៏ធំទូលាយនៅចុងសប្តាហ៍នេះ។