ក្រុមជនសង្ស័យចំនួន១៨ នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពកាប់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

ជនសង្ស័យជាក្រុមក្មេងទំនើងនិងជាក្រុមដែលកាប់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ និងហិង្សាមានស្ថានទម្ងន់ទោស។

ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨នាក់នេះកម្លាំងជំនាញបានធ្វើការងារស្រាវជ្រាវឃាត់ជាបន្តបន្ទាប់ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៤ នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មកពីកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះដោយ ក្រុមជនសង្ស័យបានធ្វើសកម្មភាព ធ្លាក់ប្លន់យកម៉ូតូនិងកាប់ជនរងគ្រោះអោយរងរបួសផងនោះ។
សូមបញ្ជាក់ផងដែរនៅក្នុងរង្វង់ប្រតិបត្តិការនៃការឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨ នាក់នេះកម្លាំងជំនាញ បានដករហូតវត្ថុតាងកាំភ្លើងខ្លីមួយដើម កាំបិតប៉័ងតោចំនួន០៣ និងម៉ូតូចំនួន០៩ គ្រឿងផងដែរ។

បញ្ជាក់ផងដែរកាលពីថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៤ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីក្លឹបមួយកន្លែង ជិះតាមបណ្ដោយផ្លូវលេខ៩៩R នៅម្ដុំទួលសង្កែ ពេលនោះស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមមានគ្នាជាង ១០ នាក់ជិះម៉ូតូ ៥គ្រឿង ស្រែកថាកាប់កាត់សាញ ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូតាមជនរងគ្រោះដោយធ្វើសកម្មភាព ធាក់ម៉ូតូជនរងគ្រោះឲ្យដួល ហើយយកកាំបិតបុ័ងតោ គប់ទៅលើជនរងគ្រោះ តែសំណាងល្អមិនត្រូវ ហើយក្រុមជនសង្ស័យផ្សេងទៀតបានរើសដុំថ្មតាមផ្លូវគប់ទៅលើជនរងគ្រោះម្នាក់ទៀតរងរបួសជើង។ បន្ថែមទៀតនោះក្រុមជនសង្ស័យផ្សេងទៀតបានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសខ្នងហើយនិងបានយកកាំបិតទៅកាប់កំទេចម៉ូតូរបស់ជនរងគ្រោះផងដែរ។

បច្ចុប្បន្នក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យទាំង១៨ នាក់នេះជាសាធារណៈ រួចកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទាំងអស់ដើម្បីទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ


