
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាការប៉ះទង្គិចគ្នារវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន ក្នុងសប្តាហ៍នេះបង្ហាញថា អ៊ីរ៉ង់មិនត្រូវបានគេចូលចិត្តនៅក្នុងតំបន់នោះទេ ខណៈដែលសេតវិមានបាននិយាយថា ខ្លួនមិនចង់ឃើញមានការកើនឡើងនៃភាពតានតឹងឡើយ។
ប៉ាគីស្ថានបានបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹករយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន។
សហរដ្ឋអាមេរិកបានជាប់គាំងក្នុងការសាកល្បងឆន្ទៈជាមួយអ៊ីរ៉ង់ ជុំវិញការគាំទ្ររបស់ខ្លួនចំពោះក្រុមឧទ្ទាមហ៊ូទី ក្នុងប្រទេសយេម៉ែន ដែលបាននិងកំពុងបើកការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃឺប៊ី (John Kirby) បានប្រាប់អ្នកយកព័ត៌មាន ខណៈដែលលោក បៃដិន បានហោះហើរទៅកាន់រដ្ឋ ណស ខារ៉ូឡាញណា (North Carolina) ថាទីក្រុងវ៉ាស៊ីនតោន កំពុងតាមដានការប៉ះទង្គិចគ្នារវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន យ៉ាងជិតស្និទ្ធបំផុត។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការវាយប្រហារលើប៉ាគីស្ថាន គឺជាឧទាហរណ៍មួយទៀតនៃអាកប្បកិរិយាអស្ថិរភាពរបស់អ៊ីរ៉ង់ នៅក្នុងតំបន់៕