ក្នុងសកម្មភាពដ៏កម្រមួយ នៃការរឹងទទឹងជាសាធារណៈ អ្នកគាំទ្ររាប់រយនាក់នៃក្រុមសកម្មជនសិទ្ធិមនុស្សដែលជាប់ពន្ធនាគារ បានធ្វើការតវ៉ាកាលពីថ្ងៃសុក្រ នៅទីក្រុង Ufa រដ្ឋធានីសាធារណរដ្ឋ Bashkortostan របស់រុស្ស៊ី។
យោងតាមសារព័ត៌មានរុស្ស៊ីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនមនុស្សយ៉ាងតិច៧នាក់។ ទីភ្នាក់ងារព័ត៌មាន SOTA Vision ជាភាសារុស្សី បានចេញផ្សាយរូបភាពជាច្រើនពីនគរបាល ព្រមានមនុស្សជាច្រើនថា ពួកគេនឹងត្រូវបានចាប់ខ្លួនសម្រាប់ការប្រមូលផ្តុំដោយគ្មានការអនុញ្ញាត។

ការតវ៉ា បានចាប់ផ្តើមនៅក្នុងតំបន់ភាគខាងត្បូងក្នុងសប្តាហ៍នេះ ក្នុងការគាំទ្រសកម្មជនសិទ្ធិជនជាតិភាគតិច លោក Fail Alsynov ដែលត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ទី១៧ ខែមករា ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិភាគតិច ដែលលោកបានបដិសេធ។
ដោយត្រូវបានចាត់ទុកថាជាវីរបុរសក្នុងចំណោមប្រជាជនជនជាតិភាគតិច Bashkir ក្នុងតំបន់នោះ លោក Alsynov បាននិយាយប្រឆាំងទៅនឹងការជ្រើសរើសរបស់ពួកគេដើម្បីចូលរួមប្រយុទ្ធឲ្យរុស្ស៊ី នៅអ៊ុយក្រែនដោយនិយាយថា នេះមិនមែនជាសង្រ្គាមរបស់យើងទេ។
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយសម្រាលអំពីការតវ៉ាកាលពីថ្ងៃសុក្រ ថា ជាការជាក់លាក់ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរក្នុងតំបន់របស់សាធារណរដ្ឋ៕
