នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា ពីរភាគបីនៃកងកម្លាំងប្រយុទ្ធរបស់ក្រុមហាម៉ាស ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប។
លោកណេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងតែលអាវីវកាលពីថ្ងៃព្រហស្បតិ៍ថា «មានពីរដំណាក់កាលសម្រាប់ការប្រយុទ្ធគ្នា ទីមួយគឺការបំផ្លាញកងវរសេនាធំរបស់ក្រុមហាម៉ាស ទាំងនោះ គឺជាក្របខ័ណ្ឌប្រយុទ្ធដែលត្រូវបានរៀបចំរបស់ពួកគេ» នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

លោកបានបន្តថា៖«រហូតមកទល់ពេលនេះ កងវរសេនាធំចំនួន ១៦ ឬ ១៧ ក្នុងចំណោម២៤ ត្រូវបានបំផ្លាញ។ បន្ទាប់ពីនោះ មាន [ដំណាក់កាល] នៃការបោសសម្អាត«ក្រុមសកម្មប្រយុទ្ធ» ឲ្យអស់ពីទឹកដីនេះ »។ «សកម្មភាពទីមួយជាធម្មតា រយៈពេលខ្លីជាង សកម្មភាពទីពីរជាធម្មតារយៈពេលវែងជាង»។
របាយការណ៍របស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ ក៏បាននិយាយថា «ជ័យជម្នះ នឹងត្រូវចំណាយពេលច្រើនខែទៀត ប៉ុន្តែយើងប្តេជ្ញាថា នឹងសម្រេចបាន»៕
