
មីយ៉ាន់ម៉ា៖ ក្រុមបាតុករមួយក្តាប់តូច បានបង្ហាញភាពក្លាហានរបស់ពួកគេ មិនខ្លាចការចាប់ខ្លួន និងការបង្ក្រាបដោយហិង្សាពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា នាំគ្នាដង្ហែក្បួនតវ៉ាមួយរយៈពេលខ្លី ប្រឆាំងរបបសឹកយោធានៅទីក្រុងយ៉ង់ហ្គោន នាថ្ងៃសុក្រនេះ។
អំឡុងការធ្វើបាតុកម្មរយៈពេលខ្លីនោះ ពួកគេនាំគ្នាកាន់ទង់ជាតិ និងបដា ស្រែកពាក្យផ្តួលរំលំរបបសឹកយោធា និងទាមទារឲ្យមានការដោះលែងមេដឹកនាំស៊ីវិល ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំង។
រយៈពេលប៉ុន្មាននាទីក្រោយមក ពួកគេក៏បានបំបែកគ្នាទៅវិញ ដើម្បីបញ្ចៀសផុតពីការតតាំងជាមួយក្រុមនគរបាល ឬទាហានដែលព្យាយាមបោសសំអាតក្រុមប្រឆាំងនឹងការដណ្តើមអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅ។
គួរឲ្យដឹងថា ភាគច្រើននៃក្រុមប្រឆាំងនឹងរដ្ឋាភិបាល តែងតែរងការបង្ក្រាបយ៉ាងចាស់ដៃដោយកម្លាំងសម្លាប់ពីរបបសឹកយោធាសហភាពមីយ៉ាន់ម៉ា។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងកោយនេះ មាននូវករណីធ្វើឃាតមន្ត្រីតែងតាំងដោយរបបសឹកយោធា នៅក្នុងតំបន់ជាយក្រុងជាច្រើន ដែលរួមទាំងទីក្រុងយ៉ង់ហ្គោនផងដែរ៕ អត្ថបទ៖ សារ៉ាត់