អគ្គីភ័យ បានឆាបឆេះស្ថានីយមួយកន្លែងនៅសមុទ្របាល់ទិក ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដែលសង្ស័យ។ Novatek ជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវធំបំផុតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការមួយចំនួននៅទីនោះ ដោយដាក់កំហុស «ឥទ្ធិពលពីខាងក្រៅ»។ បរិវេណ Ust-Luga ស្ថិតនៅលើឈូងសមុទ្ររបស់ប្រទេសហ្វាំងឡង់ មានចម្ងាយប្រមាណ ១១០ម៉ាយស៍ ភាគខាងលិចទីក្រុង St. Petersburg។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា អគ្គិភ័យនេះ គឺបណ្តាលមកពីប្រតិបត្តិការពិសេសមួយ ធ្វើឡើងដោយអង្គភាពសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារ បាននិយាយថា ប្រេងឥន្ធនៈ ដែលត្រូវបានចម្រាញ់នៅទីនោះ ត្រូវបានផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ ប៉ុន្តែសារព័ត៌មាន រ៉យទ័រ មិនអាចបញ្ជាក់ពីមូលហេតុនៃអគ្គិភ័យនេះទេ។
សារព័ត៌មានរបស់រុស្ស៊ី បាននិយាយថា ពលរដ្ឋក្នុងតំបន់ បានឮសំឡេងយានដ្រូន កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះ បន្ទាប់មកមានការផ្ទុះជាច្រើន។ លោក Alexander Drozdenko អភិបាលតំបន់ Leningrad បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា គ្មានអ្នករងរបួសទេ ហើយកម្មករទាំងអស់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។
រុស្ស៊ី និងអ៊ុយក្រែន បានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលទៅវិញទៅមក ក្នុងការវាយប្រហារមានបំណងបង្អាក់បណ្តាញផ្គត់ផ្គង់ និងការដឹកជញ្ជូន នៅក្នុងសង្រ្គាមរយៈពេលជិតពីរឆ្នាំមកនេះ។