
ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ (UN) មានបំណងរៃអង្គាសប្រាក់ចំនួន ៧,៩ពាន់លានដុល្លារ នៅឆ្នាំនេះ តាមរយៈការជំរុញមូលនិធិថ្មី ដើម្បីពង្រឹងដល់កិច្ចប្រឹងប្រែងការពារជនអន្តោប្រវេសន៍ កាត់បន្ថយការផ្លាស់ទីលំនៅ និងលើកកម្ពស់ឱកាស ក្នុងការធ្វើអន្តោប្រវេសន៍ដោយស្របច្បាប់។ នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារនេះ នៅថ្ងៃចន្ទ (ទី២២ ខែមករា)។
យោងតាមសេចក្តីប្រកាសមួយ បានឲ្យដឹងថា អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កំពុងស្វែងរកមូលនិធិពីបណ្ដារដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងម្ចាស់ជំនួយបុគ្គល។ IOM បានលើកឡើងនៅក្នុងរបាយការណ៍ដែលភ្ជាប់ជាមួយការអំពាវនាវនេះថា កិច្ចប្រឹងប្រែងផ្តល់មូលនិធិនេះ កើតមានឡើងនៅពេលចំនួនមនុស្សដែលត្រូវបានផ្លាស់ទីដោយបង្ខំបានឡើងដល់ ១១៧លាននាក់ នៅចុងឆ្នាំ២០២២ ក្នុងនោះរួមទាំងចំនួនខ្ពស់បំផុត ៧១លាននាក់ ដែលត្រូវបានបង្ខំឲ្យធ្វើជាជនអន្តោប្រវេសន៍នៅក្នុងប្រទេសរបស់ពួកគេផងដែរ។
អន្តោប្រវេសន៍ខុសច្បាប់ និងសិទ្ធិជ្រកកោនបានក្លាយទៅជាបញ្ហានយោបាយដ៏ចម្រូងចម្រាស នៅក្នុងទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងទសវត្សរ៍កន្លងមកនេះ ដោយសារជនអន្តោប្រវេសន៍កាន់តែច្រើនបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងទៅកាន់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។
ជាផ្នែកនៃគោលដៅរៃអង្គាសប្រាក់របស់ខ្លួននេះ IOM កំពុងស្វែងរកទឹកប្រាក់ ២,៧ពាន់លានដុល្លារ ដើម្បីការពារការផ្លាស់ទីលំនៅដោយបង្ខំ ក្នុងនោះរួមទាំងក្នុងករណីដែលមនុស្សផ្លាស់ទីដោយសារបម្រែបម្រួលអាកាសធាតុផងដែរ៕