
សាច់ញាតិមួយក្រុមរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បាននាំគ្នាសម្រុកចូលទៅរំខានសម័យប្រជុំរបស់គណៈកម្មាធិការសភា នៅទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃចន្ទ (ទី២២ ខែមករា) នេះ ដោយទាមទារឲ្យសមាជិកសភាធ្វើការបន្ថែមទៀត ដើម្បីព្យាយាមឲ្យមានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។
ស្ត្រីម្នាក់បានកាន់រូបភាពសមាជិកគ្រួសារ ៣នាក់ដែលស្ថិតក្នុងចំណោមមនុស្ស ២៥៣នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលការវាយប្រហារយ៉ាងកំរោលនោះបានបង្កមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ចំណាប់ថ្នូរប្រហែល ១៣០នាក់នៅតែត្រូវបានឃុំខ្លួន នៅតំបន់ហ្កហ្សា បន្ទាប់ពីអ្នកផ្សេងទៀតត្រូវបាននាំត្រឡប់ទៅកាន់គេហដ្ឋានវិញ អំឡុងបទឈប់បាញ់ កាលពីខែវិច្ឆិកា។
បន្ទាប់ពីបានសម្រុកចូលក្នុងពេលដែលគណៈកម្មាធិការហិរញ្ញវត្ថុសភា Knesset កំពុងធ្វើការពិភាក្សានោះ អ្នកគាំទ្រម្នាក់បានស្រែកយំយែកថា៖ «មានតែម្នាក់ទេដែលខ្ញុំចង់ឲ្យត្រឡប់មកវិញដោយមានជីវិត ម្នាក់ក្នុងចំណោម ៣នាក់!»។ អ្នកតវ៉ាផ្សេងទៀត ដែលពាក់អាវយឺតពណ៌ខ្មៅ បានលើកបដាសរសេរថា៖ «អ្នកនឹងមិនត្រូវអង្គុយនៅទីនេះនោះឡើយ ខណៈពួកគេស្លាប់នៅទីនោះ»។ អ្នកសម្រុកចូលទៅទាំងនោះនាំគ្នាស្រែកថា៖ «ដោះលែងពួកគេឥឡូវនេះ!»៕