ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង១០លានដូសបន្ថែមទៀត នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
ការថ្លែងរបស់ឯកឧត្តម វង្សី វិស្សុត យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិត ចិន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមជាមួយលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា អ្វីដែលយើងបានធ្វើនាថ្ងៃនេះ គឺជាការធ្វើផែនការមួយដ៏ល្អ ក្នុងការទិញវ៉ាក់សាំង ព្រោះកម្ពុជា គ្រោងបញ្ជាទិញវ៉ាក់សាំងចំនួន២០លានដូស រហូតដល់បំណាច់ឆ្នាំ២០២១។ ប៉ុន្តែឥលូវតាមផែនការថ្មី ដែលវ៉ាក់សាំងបានមកដល់នេះ នៅក្នុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ កម្ពុជា នឹងបញ្ជាទិញវ៉ាក់សាំងបានគ្រប់ចំនួន។
ឯកឧត្តម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ស្របពេលដែលក្នុងប្រទេសកម្ពុជា កំពុងរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានយកចិត្តទុកដាក់គិតគូរជាខ្លាំង ក៏បានពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានរឹងមាំជាងមុន គឺការធ្វើតេស្ត ការតាមដាន អ្នកពាក់ព័ន្ធសង្ស័យ និងយកមកធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ និងយកអ្នកជំងឺកូវីដ-១៩ មកព្យាបាលឲ្យបានទាន់ពេលវេលា ទើបយើងអាចប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានល្អ និងមានប្រសិទ្ធភាព៕អត្ថបទ ៖ រដ្ឋា







