ការស្លាប់ទាក់ទងនឹងអាកាសធាតុជាង ៩០ នាក់ត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយព្យុះរដូវរងាដ៏ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន។
អ្នកស្លាប់រួមមានយ៉ាងហោចណាស់២៥ នាក់នៅក្នុងរដ្ឋ Tennessee និង ១៦ នាក់នៅរដ្ឋ Oregon ដែលនៅតែស្ថិតក្នុងភាពអាសន្នបន្ទាប់ពីមានព្យុះទឹកកកធ្ងន់ធ្ងរ។

មនុស្សរាប់ម៉ឺននាក់ក៏នៅតែពុំទាន់មានថាមពលអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។
គេរំពឹងថា ស្ថានភាពត្រជាក់នេះ នឹងធូរស្រាលនៅក្នុងរយៈពេលពីរ-បីថ្ងៃខាងមុខទៀតនេះ។
ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុសរុបចំនួន ៩២ នាក់ត្រូវបានកត់ត្រានៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ នេះបើយោងតាមចំនួនសរុបដែលបានតាមដានដោយសារព័ត៌មាន CBS ជាដៃគូរបស់សារព័ត៌មាន BBC នៅសហរដ្ឋអាមេរិក។

ស្របពេលចំនួនអ្នកស្លាប់មានចំនួនច្រើនបំផុតនៅក្នុងរដ្ឋ Tennessee និង Oregon ការស្លាប់ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងរដ្ឋ Mississippi រដ្ឋ Illinois រដ្ឋ Pennsylvania រដ្ឋ Washington រដ្ឋ Kentucky រដ្ឋ Wisconsin រដ្ឋ New York រដ្ឋ New Jersey និងកន្លែងផ្សេងទៀត។
ការស្លាប់ផ្សេងទៀត នៅតែស្ថិតក្រោមការស៊ើបអង្កេត រួមទាំងមនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៥គ្រឿង នៅក្នុងរដ្ឋ Kentucky និង៤នាក់នៅក្នុងរដ្ឋ Illinois៕