បណ្ដាបេក្ខភាពអនុប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលតំណាងឱ្យការប្រកួតប្រជែងរបស់ពួកគេ បានដាក់គោលដៅលើយុទ្ធសាស្ត្រឧស្សាហកម្មនីកែលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅរបស់លោកថា ចូកូវី (Jokowi) នៅក្នុងការជជែកដេញដោលកាលពីយប់ថ្ងៃអាទិត្យ (២១ មករា) មុនការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។

ការជជែកដេញដោលជាផ្លូវការវគ្គទី៤ ក្នុងចំណោមវគ្គទាំង៥ បានលើកឡើងពីប្រធានបទនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ធនធានធម្មជាតិ និងសន្តិសុខស្បៀង និងបានបង្ហាញពីបេក្ខជននាំមុខរបស់តំណែងអនុប្រធានាធិបតីដែលមានដូចជា លោកអភិបាល ហ្គីប្រាន រ៉ាកាប៊ូមីង (Gibran Rakabuming) លោករដ្ឋមន្រ្តី ម៉ូហាម៉េដ ម៉ាហ្វហ្វូដ អ៊ឹមឌី (Mohammad Mahfud MD) និងអ្នកនាំពាក្យរងរបស់សភា លោក ម៉ូហៃមីន អ៊ីស្កាន់ដា (Muhaimin Iskandar)។
លោកប្រធានាធិបតី ចូកូវី បានអនុវត្តនូវអ្វីដែលលោកហៅថា «យុទ្ធសាស្រ្តដែកនីកែល» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីកសាងខ្សែសង្វាក់ដ៏មានតម្លៃក្នុងការកែច្នៃក្នុងស្រុកសម្រាប់រ៉ែនីកែល ខណៈដែលតម្រូវការកើនឡើងសម្រាប់សម្ភារៈអាគុយរថយន្តអគ្គិសនី។

រោងចក្រចម្រាញ់នីកែល ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន បានរីកសាយភាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រតិបត្តិការរបស់ពួកគេបានទាក់ទាញការត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថាន និងថ្មីៗនេះទៅលើសុវត្ថិភាពរបស់កម្មករ ខណៈដែលការផ្ទុះឡដុតនៅឯបរិវេណឧស្សាហកម្មនីកែលដ៏ធំមួយនៅលើកោះ ស៊ូឡាវេស៊ី (Sulawesi) ក្នុងខែធ្នូ តាមសេចក្តីរាយការណ៍បានសម្លាប់មនុស្ស ២១នាក់ ដែលភាគច្រើនជាអ្នកស្រុក៕
