
ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី២៣ ខែមករា) បាននិយាយថា ខ្លួនសង្ឃឹមថា ភាគីទាំងអស់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ដែលពិនិត្យមើលកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន នឹងអនុវត្តតាមគោលការណ៍ «ស្ថាបនា» និង «មិនពាក់ព័ន្ធនយោបាយ»។
នៅឯសន្និសីទសារព័ត៌មានជាប្រក្រតី នៅពេលត្រូវបានសួរអំពីរបាយការណ៍ដែលនិយាយថា ប្រទេសចិនបាននិងកំពុងស្នើសុំឲ្យប្រទេសមិនមែនលោកខាងលិចនិយាយជាវិជ្ជមានអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួននោះ អ្នកនាំពាក្យក្រសួងលោក Wang Wenbin បាននិយាយថា ប្រទេសចិនលើកកម្ពស់ទស្សនវិជ្ជាសិទ្ធិមនុស្ស និងបានធ្វើឲ្យមានភាពរីកចម្រើនជាប្រវត្តិសាស្ត្រ ក្នុងបញ្ហាសិទ្ធិមនុស្សនេះ។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីចន្ទ (ទី២២ ខែមករា) ថា យោងតាមអ្នកការទូត និងឯកសារនានា បានឲ្យដឹងថា ប្រទេសចិនបាននិងកំពុងបញ្ចុះបញ្ចូលប្រទេសមិនមែនលោកខាងលិចឲ្យពោលសរសើរកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន មុនពេលកិច្ចប្រជុំដ៏សំខាន់របស់ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃអង្គារនេះ ជាកន្លែងដែលខ្លួននឹងត្រូវប្រឈមជាមួយសំណួរ និងការរិះគន់ ជុំវិញសកម្មភាពនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ នៅទីក្រុងហុងកុង និងតំបន់ Xinjiang (ស៊ីនជាំង)។
ក្រុមការងារត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំ នាទីក្រុងហ្សឺណែវនេះ។ ប្រទេសចិនគឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១៤ ដែលត្រូវបានត្រួតពិនិត្យដោយក្រុមការងារ UPR រវាងថ្ងៃទី២២ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ៕