នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken បានស្ថិតនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Abidjan របស់ប្រទេសកូឌីវ័រ គឺជាប្រទេសមួយដែលទីក្រុងវ៉ាស៊ីងតោន ចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមបះបោរអ៊ីស្លាម ហើយនិងធានាដ់ស្ថិរភាពក្នុងតំបន់ ដើម្បីជួបជាមួយលោកប្រធានាធិបតី Alassane Ouattara ពិភាក្សាលើបញ្ហាប្រឈមសន្តិសុខនៅអាហ្វ្រិកខាងលិច ។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Blinken បានធ្វើដំណើរទៅដល់ប្រទេសកាប់ វែរ ជាការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោកនៅអាហ្វ្រិកខាងលិច ជាទីដែលលោកនឹងពិភាក្សាលើបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ជាមួយក្រុមមេដឹកនាំអាហ្វ្រិក ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Blinken ធ្វើដំណើរទៅកាន់ប្រទេសកាប់ វែរ កូឌីវ័រ នីហ្សេរីយ៉ា និងអង់ហ្គោឡា ចាប់ពីថ្ងៃទី ២១ ខែមករា រហូតដល់ថ្ងៃទី ២៦ ខែមករា ជាទីដែលលោកនឹងពិភាក្សាភាពជាដៃគូសហរដ្ឋអាមេរិក-អាហ្វ្រិក លើបញ្ហាពាណិជ្ជកម្ម អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងបញ្ហាផ្សេងៗជាច្រើនទៀត ៕