នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អះអាងថា កងទ័ពជើងគោក ប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជបល្ល័ង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងទប់ស្កាត់រាល់ជនទាំងឡាយណាក៏ដោយ ដែលមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាពកម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ - ២៤ មករា ២០២៤) នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នឹងមិនអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណាក៏ដោយដែលមានចេតនាធ្វើបដិវត្តន៍ពណ៌នោះ នឹងត្រូវកំចាត់ចោលភ្លាមៗ មិនថាកាលៈទេសៈណានោះឡើយ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងទៀតថា ក្នុងរយៈពេល២៥កន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារបានយ៉ាងម៉ុតមាំនូវព្រំដែន ការពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងទប់ស្កាត់រាល់បដិវត្តន៍ពណ៌ និងការពារគ្រប់បែបយ៉ាងទាំងអស់ដើម្បីសុខសន្តិភាពជូនជាតិ និងប្រជាជនខ្មែរទាំងមូល។ ក្រៅពីការពារនូវបូរណភាព ទឹកដី និងអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានរំលឹកផងដែរថា កងទ័ពជើងគោកក៏បានចូលរួមយ៉ាងសកម្មផងដែរ ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា និងជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
នៅចំពោះមុខនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានប្តេជ្ញាបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតស្របទៅតាមការកែទម្រង់របស់អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី ការពារព្រំដែនសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកំពុង មាននាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ បាន ចក់