ស្នូកឃ័រ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមអបអរសាទរកីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលដណ្ដើមពានកម្រិតពិភពលោក ក្នុងការប្រកួតកីឡាស្នូកឃ័រការ៉ុមពានរង្វាន់ Blue One Resort LPBA Championship នៅសាធារណរដ្ឋកូរ៉េកាលពីសប្ដាហ៍មុន។

ឯកឧត្ដមបានលើកទឹកចិត្តឲ្យលោកស្រី បន្ដការហ្វឹកហាត់បន្ថែមលើវិញ្ញាសាដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីរួមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ស្រួង ភាវី រហូតដណ្ដើមបានមេដាយថ្នាក់អន្តរជាតិជាច្រើន ពិសេសការដណ្ដើមបានពានរង្វាន់ Blue One Resort LPBA Championship ពេលនេះ។ ប៉ុន្តែដោយសារវិញ្ញាសាស្នូកឃ័រការ៉ុមពុំមានក្នុងការប្រកួតកីឡាស៊ីហ្គេម ឯកឧត្ដមបណ្ឌិត ថោង ខុន សង្ឃឹមថា ភាវី នឹងខិតខំហ្វឹកហាត់បន្ថែមលើប្រភេទវិញ្ញាសាដែលមានក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិកាន់តែច្រើនថែមទៀត ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

ទន្ទឹមជាមួយការដណ្ដើមបានពានកម្រិតពិភពលោកនេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក៏បានផ្ញើសារជូនពរ និងអបអរសាទរលោកស្រី ស្រួង ភាវី ផងដែរបានចាត់ទុកសមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្ដបន្ទាប់ក្នុងអាជីពកីឡាស្នូកឃ័ររបស់លោកស្រី បាននាំមកនូវកិត្តិយសដ៏ឧត្ដុង្គឧត្ដមដល់ប្រទេសជាតិ និងមោទនភាពជាតិ ពិសេសក្នុងចំណោមសាធារណជនទូទៅនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែសម្ដែងការគោរពស្រឡាញ់ គាំទ្រ និងចាត់ទុកលោកស្រីជាគំរូវីរភាពស្ដ្រីនៅក្នុងវិស័យកីឡា ហើយជោគជ័យគួរជាទីមោទនៈនេះក៏នឹងក្លាយជាគំរូដ៏ថ្លៃថ្លាសម្រាប់យុវជន យុវនារី និងកីឡាករកម្ពុជាទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស្នូកឃ័រការ៉ុមដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship បានធ្វើការប្រកួតជាង ១សប្ដាហ៍កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមិថុនាកន្លងទៅ ដោយមានកីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួមសរុប ៦៤នាក់។ ក្នុងនោះលោកស្រី ស្រួង ភាវី បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រជួបកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ហើយបានវាយបកយកឈ្នះក្នុងលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ដើម្បីគ្រងជើងឯកតែម្ដង៕
អត្ថបទ៖ លី ឈុនឡា