ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវរកមធ្យោបាយនានាដើម្បី ពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច បន្ទាប់ពីបាននិយាយថា ការបរាជ័យក្នុងការផ្តល់ឱ្យប្រជាជននូវតម្រូវការចាំបាច់ក្នុងការរស់នៅរួមទាំងអាហារគឺជាបញ្ហានយោបាយធ្ងន់ធ្ងរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោក Kim បានធ្វើអត្ថាធិប្បាយបែបនេះនេះ ស្របពេលពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់នៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំធំលើកទី១៩ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សកាន់អំណាចពលករកូរ៉េ ដែលធ្វើឡើងនៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ ។

ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះបានជួបប្រទះកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សកាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារឿយៗ បានទទួករងស្ថានភាពកាន់តែធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ ដែលបំផ្លាញការប្រមូលផល។

រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងទទួលបន្ទុកលើការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសជិតខាងបាននិយាយកាលពីឆ្នាំមុនថាស្ថានភាពស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើងគឺនៅតែយ៉ាប់យ៉ឺនខ្លាំង ទោះបីជាមានកំណើននៅក្នុងពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ។
មេដឹកនាំកូរ៉េខាងជើងក៏បានជំរុញឱ្យគណបក្សរបស់លោកនាំបង្កើនសកម្មភាពការងារផ្លាស់ប្តូរភ្លាមៗ ផងដែរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស និងបិទគម្លាតរវាងទីក្រុង និងជនបទ តាមរយៈគោលនយោបាយអភិវឌ្ឍន៍តំបន់ថ្មីរបស់ខ្លួន៕