
ស្ត្រីជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ បានដើរដង្ហែតាមផ្លូវទូទាំងប្រទេសកាលពីថ្ងៃពុធ (២៤ មករា) ដោយជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ការដោះលែងចំណាប់ថ្នូរដែលឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។
នៅទីក្រុង តែល អាវីវ (Tel Aviv) ក្រុមបាតុករពាក់ពណ៌ស បានបិទផ្លូវធំរបស់អ៊ីស្រាអែលជាបណ្ដោះអាសន្នដើម្បីតវ៉ា ដោយពួកគេកាន់សញ្ញាក្រហមសរសេរថា «ឈប់បង្ហូរឈាមទៅ» និង «ត្រូវមានកិច្ចព្រមព្រៀងឥឡូវនេះ» ។
អ្នករៀបចំការតវ៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងរួបរួមគ្នាដើម្បីទាមទារដំណោះស្រាយ ហើយយើងចេញតវ៉ាដើម្បីសង្រ្គោះជីវិតមនុស្ស។
ថ្មីៗនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តការចរចារដែលសម្របសម្រួលដោយប្រទេសកាតា សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា។
ទោះជាយ៉ាងណាក៏ដោយ ចន្លោះប្រហោងសំខាន់ៗនៅតែមាន ហើយបច្ចុប្បន្នចំណាប់ថ្នូរអ៊ីស្រាអែលជាង ១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត៕