
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា រថយន្តក្រុងធុនតូចមួយគ្រឿង បានបុកបង្គោលទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ នៅខេត្ត Fukuoka ភាគនិរតី ប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស២០នាក់រងរបួស។
សារព័ត៌មានក្យូដុ បានរាយការណ៍ដកស្រង់សម្តីនគរបាល និងអ្នកពន្លត់អគ្គិភ័យក្នុងស្រុកថា អ្នកដំណើរទាំងអស់១៩នាក់ ដែលពួកគេភាគច្រើនជាជនបរទេស ហើយអ្នកបើកបរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុងធុនតូចជួបគ្រោះថ្នាក់នៅលើផ្លូវត្រង់ មានចម្ងាយប្រមាណ២គីឡូម៉ែត្រភាគឦសានអាកាសយានដ្ឋាន Fukuoka នៅម៉ោងប្រហែល៦:៣០ នាទីព្រឹកម៉ោងក្នុងស្រុក។
សារព័ត៌មានរាយការណ៍ថា ជនរងគ្រោះពុំមានរបួសគំរាមកំហែងដល់អាយុជីវិតឡើយ។
យោងតាមនគរបាល បានឲ្យដឹងថា អ្នកបើកបររថយន្ត ជាបុរសស្ថិតក្នុងវ័យ៦០ឆ្នាំ បាននិយាយថាគាត់ងងុយដេកងោកទៅលើចង្កូតរថយន្ត ហើយនៅពេលនោះ បានបត់គេចចេញដើម្បីបញ្ចៀសពីរថយន្តមួយគ្រឿងផ្សេងទៀត។ នគរបាល កំពុងស៊ើបអង្កេតថាតើ គ្រោះថ្នាក់នេះ គឺជាករណីការបើកបរធ្វេសប្រហេសឬយ៉ាងណា ដែលបានបង្កឲ្យមានការរងរបួស ជាការបំពានច្បាប់ចរាចរណ៍ផ្លូវគោក ។