ប្រទេសចិនបានរិះគន់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមករាសប្ដាហ៍នេះ ចំពោះការបង្កបញ្ហា និងការបង្កហេតុ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានបើកនាវាចម្បាំងដំបូងរបស់ខ្លួនកាលពីថ្ងៃទី ពុធទី២៤ ខែមករា សប្ដាហ៍នេះ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបចាប់តាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅលើកោះនេះ។

កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាពិឃាត USS John Finn បានឆ្លងកាត់ច្រករបៀងមួយក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីដែនទឹកនៃរដ្ឋឆ្នេរសមុទ្រណាមួយ ។
កងទ័ពជើងទឹកអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការឆ្លងកាត់របស់នាវាចម្បាំង John Finn ក្នុងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍។

គ្មានសមាជិកសហគមន៍អន្តរជាតិណាម្នាក់គួរត្រូវបានគេបំភិតបំភ័យ ឬបង្ខំឲ្យបោះបង់សិទ្ធិ និងសេរីភាពរបស់ពួកគេឡើយ។
ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃទី ២៥ ខែមករាថា នាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិកបានបង្កបញ្ហា និងការបង្កហេតុនៅមាត់ទ្វារផ្ទះរបស់ប្រទេសចិន ហើយបានធ្វើសកម្មភាពទ្រង់ទ្រាយធំ ជាញឹកញាប់នៅក្នុងដែនទឹក និងដែនអាកាសជុំវិញប្រទេសចិន ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ជៀន (Wu Qian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ថាកងកម្លាំងប្រដាប់អាវុធចិនបានដោះស្រាយបញ្ហានេះដោយស្របតាមច្បាប់ ហើយសកម្មភាពដែលពាក់ព័ន្ធមានភាពយុត្តិធម៌ សមហេតុផល វិជ្ជាជីវៈ និងមានការអត់ធ្មត់៕