ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរបស់ក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ រឹបអូសគ្រឿងញៀនបានជាងបី តោន និងសារធាតុគីមីជិតមួយតោន ខណៈធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺន៧ពាន់នាក់ ដោយក្នុងនោះមានជនបរទេសជាងបួនរយនាក់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ។
លោក ទូច សុខៈ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTV តាមរយៈ តេលេក្រាម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានបង្រ្កាបករណីគ្រឿងញៀនចំនួន៧០៦២ករណី ហើយបានឃាត់ខ្លួន មនុស្សចំនួន១៧៣៦៣នាក់ មាននារីចំនួន១០៥៨នាក់ ខណៈជនបរទេសចំនួន៤៤១នាក់មកពី១៥ សញ្ជាតិ។
ដោយឡែកសម្រាប់វត្ថុតាងដែលត្រូវសមត្ថកិច្ចនគរបាលរឹបអូសបាន ក្នុងរយៈពេលពេញមួយ ឆ្នាំ២០២៣នេះ គឺសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុបចំនួន៣២១៧គីឡូក្រាម សារធាតុគីមីចំនួន៨៤២គីឡូក្រាម ដើមកញ្ឆាចំនួន៣៣៦៩៧ដើម កញ្ឆាក្រៀមជាងបីគីឡូក្រាម អាវុធទាំងវែង និង ខ្លីចំនួន៦២ដើមខណៈរថយន្តដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសមានចំនួន១៣៤គ្រឿង និងម៉ូតូចំនួន១៨៧២គ្រឿង រួមទាំងឧបករណ៍សម្ភារដទៃទៀតដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។
អ្ននកនាំពាក្យរបស់ក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីបទល្មើសឧក្រិដ្ឋគ្រឿងញៀនធំៗមានខ្សែរយៈចាត់តាំង ហើយសមត្ថកិច្ចក្រោមក្រសួងមហាផ្ទៃបានបង្រ្កាបចំនួន៤៣ករណី ឃាត់ខ្លួនជនឧក្រិដ្ឋបាន១៤០នាក់ ក្នុងនោះមាននារី១៣នាក់ មានមេខ្លោង៥២នាក់ និងបណ្តាញ៨៨នាក់។ លោក ទូច សុខៈ បានឲ្យដឹងផងដែរថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធគ្រឿងញៀនរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានី-ខេត្តផងដែរ៕
អត្ថបទ ៖ បាន ចក់

