
មនុស្សរាប់ពាន់នាក់បានប្រារព្ធទិវាជាតិរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ (២៦ មករា) នេះរួមជាមួយនឹងការប្រមូលផ្តុំតវ៉ាក្នុង «ទិវាឈ្លានពាន» ដើម្បីគាំទ្រសហគមន៍ជនជាតិដើមភាគតិចរបស់ប្រទេស ដែលភាគច្រើនចង់បោះបង់ការប្រារព្ធពិធី ឬផ្លាស់ប្តូរកាលបរិច្ឆេទនៃទិវានេះ។
នៅទីក្រុង ស៊ីដនី (Sydney) ក្រុមបាតុករបាននិយាយថា «នេះមិនមែនជាថ្ងៃត្រឹមត្រូវ» ក្នុងការប្រារព្ធទិវាជាតិទេ ខណៈដែលព្រឹទ្ធាចារ្យជនជាតិដើមភាគតិចម្នាក់ឈ្មោះ អាឌ្រាន ប៊ឺរ៉ាហ្គូបបា (Adrian Burragubba) បាននិយាយថា លោកស្ថិតនៅក្នុងការជួបជុំនេះដើម្បី «ប្រាប់ប្រជាជនថា ទិវាអូស្ត្រាលីមិនមានន័យអ្វីសម្រាប់យើងទេ»។
ការប្រមូលផ្តុំស្រដៀងគ្នានេះបានកើតឡើងនៅក្នុងរដ្ឋធានីនៃរដ្ឋផ្សេងទៀត រួមមានទីក្រុង មែលប៊ឺន (Melbourne) របស់រដ្ឋ វីកតូរៀ (Victoria) ទីក្រុងប្រ៊ីសបេន (Brisbane) របស់រដ្ឋឃ្វីនស៍ឡែន (Queensland) និងទីក្រុងហូបាត (Hobart) របស់រដ្ឋ ថាសម៉ានៀ (Tasmania)។
ទិវាអូស្ត្រាលី រំលឹកដល់ថ្ងៃដែលចក្រភពអង់គ្លេស បានបង្កើតរដ្ឋ ញ៉ូវសៅវេលស៍ (New South Wales) ជាអាណានិគមព្រហ្មទណ្ឌ និងការមកដល់ក្នុងទីក្រុងស៊ីដនី ដែលឥឡូវនេះជារដ្ឋធានីរបស់រដ្ឋនេះ នៃ «កងនាវាទីមួយ» ដែលនាំយកពួកអាណានិគម និងទណ្ឌិត។
ប៉ុន្តែជនជាតិដើមភាគតិចអូស្ត្រាលីជាច្រើនបានច្រានចោលថ្ងៃឈប់សម្រាកនេះ ថាជាការបង្ហាញពីការចាប់ផ្តើមនៃភាពអយុត្តិធម៌ដែលខ្លួនទទួលរងចាប់តាំងពីសម័យអាណានិគមអឺរ៉ុបមក៕