
ដើម្បីទប់ទល់នឹងភាពស្រេកឃ្លាន និងតម្លៃស្បៀងអាហារលក់ឡើងខ្ពស់កប់ពពក ប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សា នំាគ្នាកិនគ្រាប់ពោត និងស្រូវបាឡេ ធ្វើជាជម្រើសម៉្សៅសម្រាប់នំបុ័ង ពេលដែលពួកគេប្រឈមនឹងកង្វះខាតស្រូវសាលីនៅក្នុងដែនដីបិទច្រកមួយនេះ ។
ភាពស្រេកឃ្លាន បានកើតមាននៅទូទាំងតំបន់ហ្គាហ្សាស្រ្ទីប ជាកន្លែងដែលពលរដ្ឋ ២,៣លាននាក់ រស់នៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ពេលដែលពួកគេធ្វើសង្រ្គាមជាមួយក្រុមជីវពលហាម៉ាស់ ។
អង្គការសហប្រជាជាតិ(UN) បានព្រមានក្នុងសប្តាហ៍នេះថា តំបន់ហ្គាហ្សា នឹងប្រឈមគ្រោះទុរ្ភិក្ស ។
ក្រុមការងារជំនួយនិយាយថា ស្របពេលដែលតំបន់ជិតព្រំដែនអេហ្ស៊ីប ទទួលបានការផ្គត់ផ្គង់ស្បៀងអាហារនាំចូលមានដែនកំណត់ ប្រជាពលរដ្ឋរស់នៅភាគខាងជើង និងភាគកណ្តាលតំបន់ហ្គាហ្សា ជាកន្លែងដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
គ្មានទិន្នន័យច្បាស់លាស់នោះទេ លើភាពស្រេកឃ្លាននៅក្នុងតំបន់ហ្គាហ្សា ក្នុងនោះទីភ្នាក់ងារផ្តល់ជំនួយ ពិបាកនាំជំនួយចូលក្នុងតំបន់ជម្លោះ ។
របាយការណ៍មួយគាំទ្រដោយ UNបានឲ្យដឹងកាលពីខែធ្នូ ឆ្នាំ ២០២៣ថា មនុស្សទាំងអស់នៅតំបន់ហ្គាហ្សា ប្រឈមនឹងកម្រិតវិបត្តិភាពស្រេកឃ្លាន ហើយនិងហានិភ័យកើនឡើងនៃគ្រោះទុរ្ភិក្ស ។
ក្រុមអាជ្ញាធរសុខភាពនៅតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា យុទ្ធនាការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២៥.៧០០នាក់ ៕