នាវាទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោក បានចេញដំណើរលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសៅរ៍ (២៧ មករា) ប៉ុន្តែក្រុមបរិស្ថានមានការព្រួយបារម្ភថា នាវាដើរដោយឧស្ម័នធម្មជាតិរាវមួយនេះ និងនាវាទេសចរណ៍យក្សផ្សេងទៀតដែលធ្វើដំណើរតាមនាវាដ៏ធំនេះ នឹងលេចធ្លាយឧស្ម័នមេតាន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៅក្នុងបរិយាកាស។

នាវាទេសចរណ៍ដ៏ធំឈ្មោះ អាយខន អហ្វ ដឹស៊ីស៍ (Icon of the Seas) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ ការ៉ាអ៊ីបអន្តរជាតិ (Royal Caribbean International) បានចេញដំណើរពីទីក្រុង ម៉ៃអាមី (Miami) របស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ៨.០០០នាក់ ទូទាំងសំណង់កម្ពស់ ២០ជាន់របស់ខ្លួន ដោយទាញយកអត្ថប្រយោជន៍ពីប្រជាប្រិយភាពដែលកំពុងកើនឡើងនៃនាវាកម្សាន្ត។

នាវានេះត្រូវបានសាងសង់ឡើងដើម្បីដំណើរការលើឧស្ម័នធម្មជាតិរាវ (LNG) ដែលដំណើរការបានស្អាតជាងឥន្ធនៈតាមសមុទ្រធម្មតា ប៉ុន្តែបង្កហានិភ័យខ្ពស់សម្រាប់ការបំភាយឧស្ម័នមេតាន។ ក្រុមបរិស្ថានបាននិយាយថា ការលេចធ្លាយឧស្ម័នមេតានចេញពីម៉ាស៊ីនរបស់នាវា គឺជាហានិភ័យដែលមិនអាចទទួលយកបានចំពោះអាកាសធាតុ ដោយសារតែផលប៉ះពាល់ដ៏គ្រោះថ្នាក់រយៈពេលខ្លីរបស់វា។
ក្រុមហ៊ុន រ៉ូយ៉ាល់ ការ៉ាអ៊ីប និយាយថា នាវាថ្មីរបស់ខ្លួននេះមានប្រសិទ្ធភាពជាងនាវាផ្សេង ២៤ភាគរយ ទៅលើការបំភាយឧស្ម័នកាបូន លើសពីតម្រូវការដោយនិយតករដឹកជញ្ជូនសកល គឺអង្គការសមុទ្រអន្តរជាតិ (IMO)៕
