បណ្ដាមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាដោយស្មោះត្រង់នៅទីក្រុងបាងកក ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរលើបញ្ហាកោះតៃវ៉ាន់ និងប្រធានបទផ្សេងទៀត មុនពេលការហៅទូរស័ព្ទនៅនិទាឃរដូវដែលរំពឹងទុករវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping)។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានជំរុញរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ឱ្យប្រើឥទ្ធិពលការទូតរបស់ប្រទេសខ្លួន ដើម្បីបញ្ចុះបញ្ចូលប្រទេសអ៊ីរ៉ង់ ឱ្យកាត់បន្ថយការគាំទ្រចំពោះក្រុមឧទ្ទាមហ៊ូទី (Houthis) ដែលវាយប្រហារលើនាវាជំនួញនៅសមុទ្រក្រហម នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអាមេរិក។

កិច្ចប្រជុំដែលមានរយៈពេលជាង ១២ម៉ោងក្នុងរយៈពេល ២ថ្ងៃ និងបានបញ្ចប់កាលពីថ្ងៃសៅរ៍ (២៧ មករា) នេះគឺមានបំណងបង្ហាញពីកិច្ចព្រមព្រៀងរបស់លោក បៃដិន និងលោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋកាលីហ្វ័រនីញ៉ា (California) កាលពីខែវិច្ឆិកា ដើម្បីស្ដារឡើងវិញនូវកិច្ចចរចាការទូតដែលបែកបាក់លើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកជាច្រើនដូចជា ការការពារ និងការប្រឆាំងគ្រឿងញៀន ទោះបីជាមានការខ្វែងគំនិតគ្នាខ្លាំងក៏ដោយ។
ក្រសួងការបរទេសចិន និងសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងដើម្បីគ្រប់គ្រងលើបញ្ហារសើបផ្សងៗ៕
