សមាជិករាប់រយនាក់នៃសហគមន៍អ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានប្រមូលផ្តុំគ្នាសម្រាប់សន្និបាតមួយក្នុងទីក្រុងហ្ស៊េរុយសាឡឹមកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យអ៊ីស្រាអែលកសាងឡើងវិញនូវការតាំងទីលំនៅនៅតំបន់ហ្កាហ្សា និងផ្នែកខាងជើងនៃតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

អ៊ីស្រាអែល បានដកទ័ព និងអ្នកតាំងលំនៅរបស់ខ្លួនចេញពីតំបន់តំបន់ហ្កាហ្សាក្នុងឆ្នាំ ២០០៥ បន្ទាប់ពីការកាន់កាប់រយៈពេល ៣៨ ឆ្នាំ ហើយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ខ្លួនមិនមានបំណងរក្សាវត្តមានអចិន្ត្រៃយ៍ម្តងទៀតទេ ប៉ុន្តែអ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខសម្រាប់រយៈពេលមិនកំណត់។

ទោះជាយ៉ាងណាក៏ដោយ មានភាពច្បាស់លាស់តិចតួចអំពីចេតនាយូរអង្វែងរបស់អ៊ីស្រាអែល ហើយប្រទេសនានារួមទាំងសហរដ្ឋអាមេរិក បាននិយាយថា តំបន់ហ្កាហ្សា គួរតែត្រូវបានគ្រប់គ្រងដោយប៉ាឡេស្ទីន។
សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយអង្គការស្តាំនិយម Nahala ដែលតស៊ូមតិសម្រាប់ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅក្នុងទឹកដីរួមទាំងតំបន់វេសបែង ជាកន្លែងដែលពួកគេត្រូវបានចាត់ថ្នាក់ថា ខុសច្បាប់ដោយក្រុមអន្តរជាតិ និងមនុស្សធម៌ និងជាកន្លែងដែលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកតាំងលំនៅ និងប៉ាឡេស្ទីនជាញឹកញាប់។
សន្និសីទដែលមានចំណងជើងថា «ការតាំងទីលំនៅ នាំមកនូវសន្តិសុខ» មិនត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែលទេ ទោះបីជាក្រុមចម្រុះស្តាំនិយមរបស់ខ្លួន ត្រូវបានរិះគន់ចំពោះការគាំទ្រការពង្រីកការតាំងទីលំនៅ ដែលជាជំហរដែលត្រូវបានគេមើលឃើញថា ជាការរារាំងដំណោះស្រាយដែលអាចកើតមាននាពេលអនាគតជាមួយប៉ាឡេស្ទីន។