ប្រទេសហ្ស៊កដានី កាលពីថ្ងៃអាទិត្យ (២៨ មករា) បានថ្កោលទោស «ការវាយប្រហារភេរវកម្ម» លើប៉ុស្តិ៍យោធាមួយនៅខាងក្នុងព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ីរី ដែលបានសម្លាប់សមាជិកយោធាអាមេរិកចំនួនបីនាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដំបូងស្តីពីការវាយប្រហារនេះ សម្ព័ន្ធមិត្តរបស់អាមេរិក ហ្ស៊កដានី បាននិយាយថាខ្លួនកំពុងធ្វើការជាមួយក្រុងវ៉ាស៊ីនតោន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នៅមុននោះ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ការវាយប្រហារគឺនៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី ជាប់ព្រំដែន ប៉ុន្តែមិនមែននៅលើទឹកដីហ្ស៊កដានីទេ។

ប្រភពសន្តិសុខជាន់ខ្ពស់របស់ហ្ស៊កដានី បានប្រាប់សារព័ត៌មានរ៉យទ័រថា ហ្ស៊កដានី ថ្មីៗនេះបានអំពាវនាវឱ្យមានការគាំទ្រផ្នែករឹង និងផ្នែកការពារជាតិកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក ដោយសារតែមានការព្រួយបារម្ភថាអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួនអាចបង្កការជ្រួលច្របល់កាន់តែខ្លាំងនៅក្នុងការប៉ះទង្គិចនៅមជ្ឈិមបូព៌ា។

វត្តមានទាហានអាមេរិកនៅហ្ស៊កដានី ជាបញ្ហារសើបក្នុងប្រទេស ដែលមនោសញ្ចេតនាប្រឆាំងអាមេរិក កើនឡើងខ្ពស់ដោយសារការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស៕