អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាស៊រ កាណានី (Nasser Kanaani)បាននិយាយនៅថ្ងៃចន្ទននេះថា ទីក្រុងតេអេរ៉ង់ពុំជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយានដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីដែលបានបណ្ដាលឲ្យទាហាន៣នាក់ស្លាប់ និងជាង៣០នាក់រងរបួស នោះទេ ។

ចលនាតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមសាខារបស់កងជីវពលអ៊ីស្លាមស៊ីយ៉ា(Islamist Shia militias) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយដែលត្រូវគេស្គាល់ថា Tower 22 នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយព្រំដែនហ្ស៊កដានី និងស៊ីរី។

លោកប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខណៈអ្នកនយោបាយអាមេរិកជាច្រើនបានស្ដីបន្ទោដោយផ្ទាល់លើប្រទេសអ៊ីរ៉ង់ ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានចង្អុលទៅអ៊ីរ៉ង់ផងដែរ ដោយជំរុញឲ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះ បន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។
លោក Kanaani បាននិយាយថា ដូចដែលយើងបានបញ្ជាក់ច្បាស់រួចមកហើយ ក្រុមចលនាតស៊ូអ៊ីស្លាមនានា នៅក្នុងតំបន់នេះ កំពុងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ។ ពួកគេមិនមែនធ្វើតាមការបញ្ជារបស់អ៊ីរ៉ង់នោះទេ។

ក្រុមទាំងនោះ បានសម្រេចចិត្ត និងធ្វើសកម្មភាពអាស្រ័យលើគោលការណ៍ផ្ទាល់ និងចំណុចអាទិភាពរបស់ពួកគេ ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជាជនរបស់ពួកគេប៉ុណ្ណោះ៕