រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ។

លោកបានធ្វើការអធិប្បាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Al Arabiya News។

មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។
និយាយអំពីការបដិសេធរបស់អ៊ីស្រាអែលចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ គួរតែអនុវត្តដូចគ្នាចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។
តុលការ ICJ កាលពីថ្ងៃសុក្រ បានបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាង នៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ បើតាមតុលាការ សេចក្តីសម្រេចនេះ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់។

ទោះជាយ៉ាងនេះក្តី តុលាការនេះ មិនបានបញ្ជាឲ្យអ៊ីស្រាអែលផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែល បានអំពាវនាវឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ផងដែរនោះ។