ក្រុមមូស្លីមអាមេរិកមួយក្រុមបានរិះគន់អតីតប្រធានសភាតំណាងរាស្រ្ត លោកស្រី នែនស៊ី ផេឡូស៊ី (Nancy Pelosi) កាលពីថ្ងៃអាទិត្យ (២៨ មករា) បន្ទាប់ពីលោកស្រី បានលើកឡើងដោយមិនផ្តល់ភស្តុតាងថា ក្រុមអ្នកតវ៉ាមួយចំនួនដែលទាមទារបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងបានជំរុញឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការស៊ើបអង្កេត។

ការអត្ថាធិប្បាយរបស់អតីតប្រធានសភាតំណាងរាស្រ្តរូបនេះត្រូវបានច្រានចោលថាជា «ការលាបពណ៌ដែលមិនមានភស្តុតាង» ដោយក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR) ដែលបាននិយាយថា ការលើកឡើងបែបនេះគឺជាការបន្ទាបបន្ថោកប្រជាជនប៉ាឡេស្ទីន។

លោកស្រី ផេឡូស៊ី បានធ្វើការលើកឡើងនេះនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CNN បន្ទាប់ពីលោកស្រីត្រូវបានគេសាកសួរថា តើការប្រឆាំងទៅនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងសង្គ្រាមនៅហ្កាហ្សា អាចធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ដែរឬទេ។

ការអត្ថាធិប្បាយរបស់លោកស្រី ផេឡូស៊ី គឺជាលើកទីមួយហើយដែលសមាជិកសភាអាមេរិកដ៏លេចធ្លោម្នាក់បានចោទប្រកាន់មេដឹកនាំរុស្ស៊ី ថាបានគាំទ្រក្រុមបាតុករអាមេរិក ដែលអំពាវនាវឱ្យមានបទឈប់បាញ់៕