
នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ហើយលោកបានជំរុញឲ្យអ៊ីរ៉ង់ឲ្យបន្ធូរបន្ថយភាពតានតឹង ក្រោយការវាយប្រហារយានដ្រូន បានសម្លាប់ទាហានសហរដ្ឋអាមេរិក ៣នាក់នៅតំបន់ភាគឦសានប្រទេសហ្សកដានី ជាប់ព្រំដែនជាមួយប្រទេសស៊ីរី ។
លោក Sunak និយាយថា អង់គ្លេសសូមធ្វើការថ្កោលទោសទាំងស្រុងការវាយប្រហារយានដ្រូន ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា ត្រូវបានធ្វើឡើងដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ។
លោក Sunak និយាយប្រាប់ស្ថានីយ៍ទូរទស្សន៍ថា ពួកយើងមានការព្រួយបារម្ភខ្លាំង ហើយពួកយើងនឹងជំរុញឲ្យអ៊ីរ៉ង់បន្តបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ ។
លោកបន្តថា ពួកយើងឈរខាងសម្ព័ន្ធមិត្តរបស់ពួកយើង ដើម្បីពាំនាំស្ថិរភាព និងសន្តិភាពមកកាន់តំបន់ និងនាំអ្វីដែលពួកយើងនឹងបន្តធ្វើការឆ្ពោះទៅមុខ ។
ការវាយប្រហារដែលបានធ្វើឲ្យទាហានសហរដ្ឋអាមេរិកចំនួន ៣៤នាក់រងរបួសដែរនោះ គឺជាការវាយប្រហារស្លាប់មនុស្សលើកដំបូងប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣ ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីក្រុងតេអេរ៉ង់ ពុំបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមួយនេះឡើយ ៕