
ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីខ្លាំង នៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកល ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នចំពោះការធ្លាក់ព្រិល និងបំណាក់ដី ដោយសារតែសីតុណ្ហភាពប្រែប្រួលខ្លាំង។ សីតុណ្ហភាពទាបពេញមួយយប់កាលពីថ្ងៃចន្ទ បានធ្លាក់ចុះដល់ ដក ៣,១ អង្សាសេ នៅក្នុងតំបន់ មីអ៊ី(Mii) នៅទីក្រុង Wajima ខេត្ត Ishikawa ។ វាមានសីតុណ្ហភាពដក ០,៣ អង្សាសេនៅទីក្រុង Suzu ។
ទោះជាយ៉ាងណា សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃ ត្រូវបានគេរំពឹងថាកើនឡើងនៅថ្ងៃអង្គារនេះ ហើយសារធាតុបារត អាចឡើងដល់ ១១អង្សាសេនៅក្នុងទីក្រុង Kanazawa និង ១០អង្សាសេ នៅក្នុងទីក្រុង Wajima ។ នោះគឺប្រហែល ៤អង្សា ខ្ពស់ជាងជាមធ្យមភាគតាមរដូវកាល។ សីតុណ្ហភាពកើនឡើង អាចធ្វើឲ្យដីធូ និងបណ្តាលឱ្យមានព្រិលធ្លាក់ និងបំណាក់ដី។ អ្នកជម្លៀសខ្លួនមួយចំនួន ទទួលរងសុខភាពកាន់តែយ៉ាប់យ៉ឺន ខណៈពួកគេត្រូវបង្ខំឱ្យពន្យារពេលការស្នាក់នៅក្នុងទីជម្រកបណ្ដោះអាសន្ន។ ប្រជាជន ត្រូវបានណែនាំឲ្យតាមដានសមាជិកគ្រួសារ និងអ្នកដទៃនៅជុំវិញខ្លួន ហើយសាកសួរអំពីស្ថានភាពរបស់ពួកគេ។ ការខ្វះកម្តៅ អាចត្រូវបានការពារ ដោយប្រើភួយ ឬហាត់ប្រាណជាប្រចាំដើម្បីឱ្យមានភាពកក់ក្តៅ។ ទន្ទឹមនឹងនេះ សកម្មភាពរញ្ជួយដីនៅតែបន្តនៅក្នុងតំបន់ Noto ប៉ុន្តែអាជ្ញាធរនិយាយថា ភាពញឹកញាប់នៃការរញ្ជួយដី ដែលផ្តោតនៅទីនោះកំពុងថយចុះជាលំដាប់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា គិតត្រឹមម៉ោង ៤ ព្រឹកថ្ងៃអង្គារនេះ ការរញ្ជួយចំនួន ១.៥៤៧លើក ដែលមានកម្រិតពី ១ ឬខ្ពស់ជាងនេះ លើមាត្រដ្ឋានប្រទេសជប៉ុន ពីសូន្យដល់ ៧ ត្រូវបានសង្កេតឃើញ។ ទីភ្នាក់ងារនេះ កំពុងអំពាវនាវឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នចំពោះរញ្ជួយដី ដែលមានអាំងតង់ស៊ីតេទាបជាង ៥ ឬខ្លាំងជាងនេះ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ។