ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញដែលដឹកនាំដោយ លោក ជា ខេមា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ តាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជរាជាធានីភ្នំពេញ និងអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយករណីអគ្គិភ័យចំនួន២២ គ្រួសារ។
ពិធីចែកអំណោយបានធ្វើឡើង នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋសរុបចំនួន ២២គ្រួសារ ដោយក្នុង១គ្រួសារទទួលបានរួមមាន ៖ លុយ១០ម៉ឺនរៀល អង្ករ ០១បាវ, មី ០១កេស, ទឹកស៊ីត្រី០១យួរ, កន្ទេលប្រភេទតង់១ និងសម្ភាៈផ្ទះបាយមួយចំនួន។
ក្នុងនោះផងដែរ លោក ជា ខេមា ប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែករំលែកទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះ និងសូមឲ្យបងប្អូនប្រុងប្រយ័ត្ន ករណីនេះ ការដាំស្ល ត្រូវប្រយ័ត្នចង្ក្រានហ្គាស ព្រោះជារដូវប្រាំងក្ដៅ អាចនិងឆាបឆេះ។ សូមជូនពរជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ។ តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញផងដែរ ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដ៏រាប៕
គួរបញ្ជាក់ផងដែរ វេលាម៉ោង០៧និង៤០នាទីនាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១៤ខ្នងទាំងស្រុង យ៉ាងសន្ធោសន្ធៅ នៅចំណុចទល់មុខ វត្តឧណ្ណាលោម ស្ថិតតាមបណ្ដោយផ្លូវ សម្តេចសុធារស ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ




















