សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសដឹកនាំដោយផ្ទាល់ធ្វើយុទ្ធនាការរក្សាសន្ដិសុខនៅខេត្តព្រះសីហនុ ខណៈនៅព្រឹកថ្ងៃទី៣១ ខែមករានេះ ខេត្តព្រះសីហនុបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ។
ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ ខែមករានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា កម្ពុជាខិតខំកសាងជាង ២០ ឆ្នាំ ដើម្បីបង្ហាញថា កម្ពុជាមានសន្ដិភាព ស្ថិរភាពឱ្យទេសចរមកទស្សនាអង្គរវត្ត ទស្សនាកម្ពុជា។ ប៉ុន្ដែបច្ចុប្បន្ន បើមានព័ត៌មានអាក្រក់ពាក់ព័ន្ធនឹងសន្ដិសុខ តែពីរឬបី បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀននៅក្នុងខេត្តព្រះសីហនុផងដែរ។
សម្ដេចធិបតីបញ្ជាក់ថា ដើម្បីឱ្យខេត្តព្រះសីហនុ រក្សាបានការទាក់ទាញវិនិយោគ និងទេសចរ ការរក្សាបាននូវសន្តិសុខជាកត្តាដែលត្រូវគិតគូរ ពីព្រោះបើគ្មានសន្តិសុខមិនអាចអភិវឌ្ឍទៅមុខបានឡើយ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានរម្លឹកឡើងថា ប្រទេសមហាអំណាចខ្លះ មានចោរឆក់ច្រើនជាងនៅភ្នំពេញផង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់គេមិនដែលផ្សព្វផ្សាយពីបញ្ហានោះឡើយ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយខ្លះនៅកម្ពុជា បានផ្សព្វផ្សាយមិនឆ្លើយតបការពិតរបស់កម្ពុជាឡើយ ដោយពួកគេបង្ហាញតែចំណុចអវិជ្ជមានបន្តិចបន្ដួចដែលកើតមានប៉ុណ្ណោះ៕ អត្ថបទ៖ វ៉ន ដារ៉ា




