ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ខែមករា ឆ្នាំ២០២៤ អ្នកចូលរួមអនុវត្តដោយផ្ទាល់ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស បានកើនឡើងជាង៤លាន ៦សែនអង្គ/នាក់ ខណៈយុទ្ធនាការនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តទាំងអស់ រួមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍមួយចំនួនទៀត ដែលបានសហការជាមួយក្រសួងបរិស្ថាន និងបានយកចិត្តទុកដាក់ចូលរួម និងជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យ៉ាងផុសផុល និងទទួលបានជោគជ័យ គួរជាទីមោទនៈ។

លើសពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើឱ្យមានការខិតខំបន្ថែមទៀត ជំរុញបណ្តាអាទិភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន៖ ស្អាត បៃតង និង ចីរភាព ដោយផ្ដោតជាពិសេសលើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីបណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត ពីគំនិត និងឥរិយាបទជួយដល់កម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នាពេលខាងមុខ និងស្អាតយូរអង្វែងតទៅ។

ក្រសួងបរិស្ថាន នឹងបន្តទៅជំហានបន្ទាប់សម្រាប់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដែលទទួលបានប្រជាជនកម្ពុជា កន្លះប្រទេស ដែលបានចូលរួមអនុវត្ត មិនប្រើថង់ប្លាស្ទិក។ ជំហានទី២ នៃយុទ្ធនាការ គឺការចែកជូនធុងសំរាមទៅគ្រប់សាលារៀន និងវត្តអារាម ដែលអាចញែកសំរាម កន្លែងដាក់សំរាមសំណល់រឹង ប្លាស្ទិក សំរាមសម្រាប់កែច្ឆៃសម្រាប់ធ្វើជីជាដើម។ ជំហានបន្ទាប់នេះ គឺការសំអាតបរិស្ថាន ដែលផ្តោតលើការសំអាតសំណល់ ប្លាស្ទិក នៅលើដី ក្នុងទឹក និងសំអាតខ្យល់លើអាកាស។ ដោយឡែកជំហានទី៣ គឺការដាក់ចេញ ក្នុងការជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ភាពស្រស់ស្អាតរបស់កម្ពុជា គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗ ឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត៕ អត្ថបទ៖ទូច សោភ័ណ

