ការវិភាគថ្មី ដែលទទួលបានដោយ ទូរទស្សន៍ BBC បានបង្ហាញថាជាងពាក់កណ្តាលនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។

នៅទូទាំងហ្កាហ្សា តំបន់លំនៅដ្ឋានយ៉ាងច្រើនត្រូវបានបំផ្លិចបំផ្លាញ ផ្លូវដើរទិញទំនិញដែលធ្លាប់តែមមាញឹក បានក្លាយជាគំនរកម្ទេចថ្មបាក់បែក សាកលវិទ្យាល័យទាំងឡាយត្រូវបានបំផ្លាញ និងដីស្រែចំការត្រូវបានបោះបង់ចោល ខណៈគ្របណ្ដប់ដោយជំរំតង់កាន់តែច្រើននៅតាមព្រំដែនភាគខាងត្បូង សម្រាប់ជាលំនៅឋានរបស់មនុស្សរាប់ពាន់នាក់ដែលបាត់បង់ផ្ទះសម្បែងក្នុងសង្រ្គាមនេះ។

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រហែល១,៧ លាននាក់ ច្រើនជាង ៨០% នៃចំនួនប្រជាជនសរុបនៅតំបន់ហ្កាហ្សាត្រូវបានភៀសខ្លួន ដោយមានជិតពាក់កណ្តាលប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់តូចចង្អៀតនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។

ការវិភាគបន្ថែមដោយសារព័ត៌មាន BBC Verify បង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៃដីស្រែចំការ ដែលបានបញ្ជាក់ពីវិសាលភាពនៃការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើន ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងដាក់គោលដៅទាំងយុទ្ធជនក្រុមហាម៉ាស ទាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម។
ឥឡូវនេះការវិភាគទិន្នន័យដោយផ្កាយរណបដែលទទួលបានដោយសារព័ត៌មាន BBC បង្ហាញពីវិសាលភាពពិតនៃការបំផ្លិចបំផ្លាញ។ ការវិភាគបានបង្ហាញថាអគារចន្លោះពី១៤៤.០០០ ទៅ ១៧៥.០០០ កន្លែង នៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូលត្រូវបានខូចខាត ឬបំផ្លាញ។ ចំនួននោះគឺចន្លោះពី ៥០% ទៅ ៦១% នៃអគារសរុបនៅក្នុងតំបន់ហ្កាហ្សា ។
ការវិភាគដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវខូរ៉េស្គ័រ(Corey Scher)នៃសាកលវិទ្យាល័យ City of New York និង Jamon Van Den Hoek នៃសាកលវិទ្យាល័យ Oregon State ប្រៀបធៀបរូបភាពដើម្បីបង្ហាញពីចំនួននៃអគារដែលរងផលប៉ះពាល់ ឬរចនាសម្ព័ន្ធនៃអគារដែលបង្ហាញពីការខូចខាត៕