
ព្រះអង្គម្ចាស់ Sultan Ibrahim Sultan Iskandar (ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីសកាន់ដា) ដែលកាន់ព្រះរាជតួនាទីអភិបាលរដ្ឋ Johor បានធ្វើព្រះរាជពិធីស្បថឡើងគ្រងរាជជាព្រះមហាក្សត្រទី១៧ របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃពុធ (ទី៣១ ខែមករា) នេះ ពោលគឺជាលើកដំបូងដែលទ្រង់កំពុងកាន់មុខតំណែង និងជាង ៣៤ឆ្នាំ បន្ទាប់ពីការសោយរាជ្យរបស់បិតាព្រះអង្គ។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ក្នុងទីក្រុង Johor Bahru និងទីក្រុងគូឡាឡាំពួ ដើម្បីថ្វាយបង្គំលា និងស្វាគមន៍ទ្រង់រៀងៗគ្នា ខណៈដែលការតែងតាំងរបស់ព្រះអង្គម្ចាស់ព្រះជន្ម ៦៥ឆ្នាំអង្គនេះបានបង្កើនក្តីសង្ឃឹមថា ទ្រង់នឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ច ការទូត និងឯកភាពជាតិ។
ព្រះមហាក្សត្របានធ្វើព្រះរាជពិធីស្បថឡើងគ្រងរាជ្យនៅព្រះបរមរាជវាំងជាតិ ក្នុងទីក្រុងឡាឡាំពួ មុនថ្ងៃត្រង់បន្តិច នៅក្នុងពិធីដ៏អធិកអធមមួយ ដែលមានលក្ខណៈប្រពៃណីជាច្រើនសតវត្សរ៍មកហើយ។ ស្ដេច ស៊ុលតង់ អ៊ីប្រាហ៊ីម ទ្រង់គ្រងឯកសណ្ឋានពណ៌ខ្មៅនៃកងកម្លាំងយោធារដ្ឋ Johor។
នៅចំពោះមុខភ្ញៀវរាប់រយនាក់ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ផងដែរ ព្រះអង្គម្ចាស់ ស៊ុលតង់ អ៊ីប្រាហ៊ីម បានចុះហត្ថលេខាលើព្រះរាជសារតែងតាំង មុនពេលព្រះអង្គត្រូវបានប្រកាសជាផ្លូវការថា Yang di-Pertuan Agong ឬ Supreme Ruler (អ្នកដឹកនាំជាន់ខ្ពស់បំផុត ឬប្រមុខរដ្ឋ) សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
ព្រះមហាក្សត្រ ស៊ុលតង់ អ៊ីប្រាហ៊ីម ត្រូវបានជ្រើសរើសជាស្តេច នៅក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីស្តេចស៊ុលតង់ទាំង ៩ព្រះអង្គរបស់ប្រទេសនេះ បានជួបប្រជុំគ្នា នៅឯសន្និសីទនៃអ្នកគ្រប់គ្រង៕