
ខណៈពេលដែលពិភពលោកភាគច្រើន ចាត់ទុករដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានថា ជាសត្រូវ ប្រទេសចិន កំពុងបង្កើនទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ហើយទីក្រុងកាប៊ុលសប្បាយចិត្តចំពោះការយកចិត្តទុកដាក់បែបនេះណាស់។
កិច្ចប្រជុំថ្នាក់កំពូលរវាងក្រុមមន្ត្រី កិច្ចព្រមព្រៀងរុករករ៉ែថ្មី និងការធ្វើឲ្យប្រសើរឡើងនូវផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ត្រូវបានគាំទ្រជាប្រចាំដោយមន្ត្រីរដ្ឋាភិបាលតាលីបង់។
អ្នកវិភាគនិងអ្នកការទូត បានលើកឡើងថា ខណៈពេលដែលទីក្រុងប៉េកាំង បាននិយាយសម្រាលដល់ទម្រង់នៃទំនាក់ទំនងដែលកំពុងរីកចម្រើនទាំងនេះ ទីក្រុងនេះ កំពុងបង្កើនការវិនិយោគ និងការបង្ហាញជាលំដាប់ដែលថាទំនាក់ទំនងនេះ អាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។
លោក វ៉ាលឺរី នីកេត (Valerie Niquet) អ្នកវិភាគនៃមូលនិធិស្រាវជ្រាវយុទ្ធសាស្ត្រនៅទីក្រុងប៉ារីស បាននិយាយថា៖«ប្រទេសអាហ្វហ្គានីស្ថាន គឺជាតំបន់ដែលមានបញ្ហាប្រឈម ប៉ុន្តែលក្ខណៈរបស់ជនជាតិចិន គឺទៅកន្លែងដែលគ្មាននរណាម្នាក់ទៅ ដោយព្យាយាម ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ»។
ជនជាតិចិន កំពុងពង្រីកការទំនាក់ទំនងជាមួយជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវការជំនួយគ្រប់បែប យ៉ាង។
នៅក្នុងខែកញ្ញា ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេដែលតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំទីក្រុងកាប៊ុល ហើយកាលពីថ្ងៃអង្គារ បេសកជនរបស់រដ្ឋាភិបាលតាលីបង់ប្រចាំទីក្រុងប៉េកាំង រួមជាមួយនឹងអ្នកការទូតរាប់សិបនាក់ផ្សេងទៀត បានបង្ហាញសារតាំងរបស់ខ្លួនដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។