
សភាជាន់ទាបរបស់រុស្ស៊ី នៅថ្ងៃពុធ (ទី៣១ ខែមករា) នេះ បានផ្តល់ការអនុម័តចុងក្រោយរបស់ខ្លួន ចំពោះច្បាប់ថ្មី ដែលនឹងអនុញ្ញាតឲ្យអាជ្ញាធររឹបអូសទ្រព្យសម្បត្តិពីបុគ្គលដែលត្រូវបានផ្តន្ទាទោសពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយចេតនាអំពីកងទ័ព។
រដ្ឋសភា Duma បានអនុម័តច្បាប់នេះនៅក្នុងបំណកស្រាយទី៣ និងចុងក្រោយរបស់ខ្លួន នាសម័យប្រជុំពេញអង្គ ដែលត្រូវបានផ្សាយតាមទូរទស្សន៍។ វិធានការនេះក៏នឹងអនុវត្តចំពោះជនដែលត្រូវបានគេរកឃើញថា មានទោសពីបទ «បង្ខូចកិត្តិយស» កងកម្លាំងប្រដាប់អាវុធ ជនដែលអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី និងជនដែលត្រូវបានរកឃើញថា មានទោសពីបទញុះញង់ឲ្យមានសកម្មភាពជ្រុលនិយម។
ច្បាប់ថ្មីដែលនឹងនៅតែត្រូវការការអនុម័តពីសភាជាន់ខ្ពស់ និងប្រធានាធិបតីលោក Vladimir Putin ក៏នឹងអនុញ្ញាតផងដែរឲ្យរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ដែលបានចាកចេញពីប្រទេស និងបានរិះគន់សង្គ្រាម នៅអ៊ុយក្រែន ខណៈពេលដែលជននោះបន្តពឹងផ្អែកលើប្រាក់ចំណូលពីការជួលផ្ទះ ឬអាផាតមិន (ផ្ទះល្វែង) របស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី៕