
ប្រធានគណៈប្រតិភូសេតវិមានប្រចាំទីក្រុងប៉េកាំង នៅថ្ងៃពុធ (ទី៣១ ខែមករា) នេះ បាននិយាយថា ការពិភាក្សា រវាងមន្ត្រីអាមេរិក និងចិន ស្តីពីការទប់ស្កាត់លំហូរនៃសារធាតុគីមី ដែលប្រើសម្រាប់ផលិតសារធាតុហ្វង់តានីល (Fentanyl) ដែលបង្កគ្រោះថ្នាក់ដល់ជីវិត គឺ «មានសារៈសំខាន់» ប៉ុន្តែត្រូវធ្វើ «ការងារជាច្រើនទៀត»។
ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់កាន់តែស៊ីជម្រៅ ក្នុងនោះរួមទាំងការដោះស្រាយនូវការផ្ដល់ហិរញ្ញវត្ថុខុសច្បាប់ ហើយចង់ឲ្យទីក្រុងប៉េកាំងដាក់ការត្រួតពិនិត្យបន្ថែមទៀតលើសារធាតុគីមីដែលអាចប្រើ ដើម្បផលិតសារធាតុហ្វង់តានីល។ នេះបើយោងតាមសម្ដីរបស់ជំនួយការរងប្រធានាធិបតី និងជាទីប្រឹក្សារងសន្តិសុខមាតុភូមិលោកស្រី Jen Daskal។
ចំណែកក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានលើកឡើងថា ខ្លួនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនក្នុង «ទិសដៅតែមួយ» លើការប្រឆាំងគ្រឿងញៀន បន្ទាប់ពីប្រទេសទាំង២ បានចាប់ផ្តើមបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីបង្ក្រាបការរីករាលដាលនៃសារធាតុហ្វង់តានីល៕