បណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ភាគច្រើនបានប្តូរប្រាក់ប្រទេសរបស់ខ្លួនមកប្រើប្រាស់ប្រាក់រៀល ក្នុងការទូទាត់ចំណាយចាយវាយទិញទំនិញ និងសេវាកម្មនានា នៅលើទីផ្សារកម្ពុជា។
បណ្តាទេសចរអន្តរជាតិមកទស្សនារាជធានីភ្នំពេញបានថ្លែងប្រាប់ BTV នៅថ្ងៃទី១ ខែកុម្ភៈ ថា ជាទូទៅ នៅពេលពួកគេធ្វើដំណើរមកដល់ប្រទេសកម្ពុជា គឺបានប្តូរប្រាក់របស់ខ្លួនមកប្រើប្រាស់ប្រាក់រៀលវិញ ដើម្បីទូទាត់ចាយវាយទិញទំនិញ និងសេវាកម្មនៅលើទីផ្សារ និងការចំណាយលើមធ្យោបាយធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។

ទេសចរបរទេសលើកឡើងថា ការទូទាត់ចាយប្រាក់រៀលធ្វើឲ្យពួកគេទទួលបានអនុស្សាវរីយ៍ ចំណេះដឹង បទពិសោធន៍ការប្រើប្រាស់ប្រាក់រៀល និងចង់រួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់ប្រទេសកម្ពុជាផងដែរ។
អាជីវករផ្សារធំថ្មី និងអ្នកបម្រើការងារនានាក្នុងវិស័យទេសចរណ៍អះអាងថា ជាទូទៅភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្ពុជា ពួកគេទិញទំនិញ និងសេវាកម្មនានាស្ទើរ ៩០% បានប្រើប្រាស់ប្រាក់រៀល ក្នុងការទូទាត់ ចំណាយលើការទិញទំនិញ និងសេវាកម្ម។

លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិកម្ពុជា ក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យមហាជនទូទៅរួមគ្នា ប្រើប្រាស់ប្រាក់រៀលខ្មែរ និងបើកគណនីធនាគារដាក់ជាប្រាក់រៀលខ្មែរ ដើម្បីទូទាត់ ចំណាយចាយវាយផ្សេងៗនៅលើទីផ្សារកម្ពុជា ខណៈការប្រើប្រាស់ប្រាក់រៀលនេះពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសជាតិទាំងមូល ជាពិសេស ការលើកតម្កើងមុខមាត់ប្រទេសជាតិ រក្សាស្ថេរភាពថ្លៃ ការពារការឡើងថ្លៃទំនិញនៅលើទីផ្សារ រក្សាឧត្តមភាពប្រកួតប្រជែងស្មើភាពនៅលើទីផ្សារអន្តរជាតិ និងធនារក្សាជំរុញកំណើនសេដ្ឋកិច្ចជាតិមានភាពរឹងម៉ាំ៕ អត្ថបទ៖ ស៊ុម សុខជា




